កាលបរិច្ឆេទ: ០៦ មេសា ២០២៣
កាលពីថ្ងៃទី៦ ខែមេសា នៅទីស្តីការក្រសួងកសិកម្ម លោកឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុន ខនហ្វីរេល និងព្រឹទ្ធបុរសនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្ម (សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មខេត្តកំពង់ចាម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលមានគោលបំណងបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធ្វើឲ្យប្រសើរឡើងដល់ការអភិវឌ្ឍន៍កសិកម្ម។
កិច្ចព្រមព្រៀងដែលមានមានរយៈពេលបីឆ្នាំនេះផ្តោតជាពិសេសទៅលើកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសក្នុងផ្នែកវិភាគមីក្រូជីវសាស្រ្ត និងការវិភាគផ្សេងៗទៀត ផ្នែកការងារស្រាវជ្រាវ និងផ្នែកច្នៃប្រឌិត។ កិច្ចព្រមព្រៀងនេះក៏បានចែងពីការបញ្ជូននិស្សិតចុះធ្វើកម្មសិក្សានៅ ក្នុងក្របខ័ណ្ឌកម្មវិធីបណ្តុះបណ្តាល។
កិច្ចព្រមព្រៀងក៏បានចែងយ៉ាងច្បាស់ផងដែរថា រាល់សញ្ញាបត្រ ឯកសារសិក្សា ឯកសារស្រាវជ្រាវ ឯកសារស្តីពីវគ្គបណ្តុះបណ្តាល និងឯកសារផ្សេងៗទៀតដែលត្រូវបានបង្កើតឡើងក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះគឺជាកម្មសិទ្ធិរបស់ភាគីទាំងពីរ ហើយមិនអាចអ្នកណាម្នាក់យកទៅចុះផ្សាយថ្នាក់ជាតិ ឬថ្នាក់អន្តរជាតិដោយគ្មានការអនុញ្ញាតពីភាគីទាំងសងខាងឡើយ៕